កាលពីថ្ងៃទី១៨វិច្ឆិកា ទារកអាយុ១១ខែម្នាក់ នៅភូមិទួលរការ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវបានពូរបស់ខ្លួនឈ្មោះ ស្រ៊ីន បូនិន ហៅប៉ូច អាយុ ៣៤ឆ្នាំអារកសម្លាប់។​

អធិការរងម្នាក់ដែលសុំមិនប្រាប់ឈ្មោះទទួលបន្ទុកព្រហ្មទណ្ឌស្រុកកំពង់សៀមបានប្រាប់សារព័ត៌មានខ្មែរណាស់នៅព្រឹកថ្ងៃទី២០វិច្ឆិកានេះថា មូលហេតុដែលបណ្តាលឲ្យឈានដល់ករណី​សម្លាប់ក្មេងអាយុ១១ខែនេះ គឺដោយសារជនសង្ស័យ បានទៅខ្ចីអាគុយពីឪពុកម្តាយទារករងគ្រោះ យកទៅដាក់ម៉ាស៊ីនបូមទឹក។

លោកបន្តថា ខណៈពេលជនសង្ស័យកំពុងតែមួម៉ៅរឿងម៉ាស៊ីនបូមទឹកអត់ឆេះ ស្រាប់តែឪពុករបស់ក្មេងរងគ្រោះ បានទៅយកអាគុយនោះមកវិញ ដែលបណ្តាលឱ្យជនសង្ស័យខឹង ហើយឆ្លៀតនៅពេលដែលឪពុកម្តាយមិនបាននៅលើផ្ទះជាមួយកូននោះ ជនសង្ស័យក៏​បាន​យកកាំបិតចិតបន្លែទៅអាករក្មេងដែលកំពុងគេងក្នុងមុងនោះតែម្តង។

លោកបន្ថែមថា៖«គាត់( ជនសង្ស័យ) មិនសូវត្រូវគ្នាជាមួយម្តាយកុមាររងគ្រោះនោះទេ ដោយសារផ្ទះរបស់គាត់(ម្តាយកុមាររងគ្រោះ) ប្រើប្រាស់ផ្ទាំងសូឡា ហើយមិនចង់ឲ្យគាត់​(ជនសង្ស័យ)ប្រើនោះទេ ទើបបណ្តាលឲ្យមានការខឹងគ្នាបែបនេះ»។

លោកបន្តថា ក្នុងករណីនេះ មិនមានមកពីការខឹងស្អប់ទារករងគ្រោះដោយសារតែជាក្មួយចិញ្ចឹមនោះទេ តែជាការខឹងសម្បាររវាងឪពុកម្តាយកុមាររងគ្រោះ និងជនសង្ស័យតែប៉ុណ្ណោះ។



ជនសង្ស័យត្រូវគេរាយការណ៍ថា ជាអ្នកធ្លាប់ប្រើប្រាស់គ្រឿងញៀន និងញៀនល្បែងស៊ីសង។

ក្នុងពេលដែលកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ជនល្មើសបានតដៃជាមួយកម្លាំងសមត្ថ​កិច្ចដោយប្រើកាំបិត និងបានធ្វើឱ្យកម្លាំងប្រជាការពារម្នាក់បានរងរបួស។ ប៉ុន្តែកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនល្មើសដោយជោគជ័យ និងបានបញ្ជូនជនល្មើសទៅអាធិការដ្ឋានស្រុកដើម្បីស៊ើបសួរចម្លើយ។

អ្នកនាង ធីម ណារិន អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកំពង់ចាមបានលើកឡើងថា៖« នេះជាអំពើរឃោឃៅមួយដែលកើតឡើងក្នុងគ្រួសារ ក៏ដូចជាក្នុង​សហ​គមន៍​ ហើយវាធ្វើឲ្យមានការប៉ះពាល់ដល់អារម្មណ៍ និងភាពភ័យខ្លាចនៅក្នុង​សហគ​មន៍​ ព្រោះថា ក្មេងតូចបំផុតតែគាត់(ជនសង្ស័យ)ហ៊ានលើកដៃសម្លាប់ដោយមិនញញើតបែបនេះ»។

អង្គភាពការពារកុមារបានលើកឡើងដែរថា ជនសង្ស័យដែលសម្លាប់ទារកដោយកាំបិតនេះ នឹងអាចជាប់ចោទពីបទល្មើសមនុស្សឃាត ហើយនឹងមានទោសមួយជីវិត។

អង្គភាពនេះបន្តថា ក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្តរបស់ខ្លួន បានទៅដល់កន្លែងកើតហេតុដើម្បីផ្តល់ជំនួយដល់​មន្រ្តីនគរបាល ក្នុងការពិនិត្យកន្លែងកើតហេតុ និងការស៊ើបអង្កេត និងបានចាត់ទុក​ថា នេះគឺជាអំពើឃោឃៅបំផុតដែលបានប្រព្រិត្តឡើងទៅលើកុមារដែលគ្មានលទ្ធភាពការពារខ្លួនបាន៕