ក្រោយមានករណីស្លាប់ទាំងម្ដាយ និងកូនក្នុងផ្ទៃ នៅមន្ទីរសម្រាក​ និងព្យាបាល ឡាំ ប៊ុនថន ដោយសង្ស័យថា រង់ចាំគ្រូពេទ្យយូរពេក រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង បានប្រញាប់ប្រញាលបញ្ជូនមន្រ្តីរបស់ខ្លួនទៅស្រាវជ្រាវភ្លាមៗផងដែរ។

ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត ងី មានហេង គឺជាមន្រ្តីដែលទទួលបញ្ជាពីលោករដ្ឋមន្រ្តីសុខាភិបាល ដើម្បីចុះទៅស្រាវជ្រាវករណីស្លាប់ទាំងម្តាយទាំងកូននេះ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានហ្រ្វេញូ លោក ម៉ម ប៊ុនហេង ក៏បានចូលរួមមរណៈទុក្ខ ដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពផងដែរ ។

សូមបញ្ជាក់ថា ហេតុការណ៍ស្លាប់ទាំងម្តាយទាំងកូននេះ បានកើតឡើងនៅវេលាម៉ោង១១៖០០នាទីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ ស្ថិតនៅទីតាំងគ្លីនីកតែម្តង តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ស្ត្រីរងគ្រោះឈ្មោះ យ៉េម មករា អាយុ៣៧ឆ្នាំ ជាកូនរបស់ក្រុមប្រឹក្សាសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានទីលំនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបច្ចុប្បន្នស្នាក់នៅភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ពាក់ព័ន្ធករណីនេះ ខាងគ្លីនីក ឡាំ ប៊ុនថន បានឆ្លើយតាមរយៈសារព័ត៌មានហ្វ្រេសញូថា  ការស្លាប់របស់ស្ត្រីរងគ្រោះ មានជំងឺម្យ៉ាង ដែលកើតឡើងភ្លាមៗ ហើយមានអាការៈធ្ងន់ធ្ងរតែម្តង ៕