កម្មករ-កម្មារិនី រោងចក្រឃែនធឺរេន ប្រមាណ ៩៩៥ នាក់ បានប្រមូលផ្តុំធ្វើកូដកម្មទាមទារឲ្យថៅកែបើកប្រាក់ខែតាមច្បាប់ការងារ នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២០។

ក្រុមកម្មករបានលើកឡើងតាមរយៈសម្ព័ន្ធសហជីពចលនាកម្មករថា ថៅកែក្រុមហ៊ុន មានចេតនាពន្យាពេល មិនព្រមបើកប្រាក់ឈ្នួលឲ្យកម្មករនោះទេ។ ពួកគាត់បានលើកឡើងថា រយៈពេល៤ ខែចុងក្រោយនេះ ក្រុមហ៊ុនតែងតែមានភាពយឺតយ៉ាវក្នុងការបើកប្រាក់ឈ្នួលជូនកម្មករ-កម្មការិនីហើយរហូតមកដល់នេះ ក្រុមហ៊ុនមិនទាន់បើកប្រាក់ឈ្នួល លើកទី២ជូនកម្មករ៥០% នៅឡើយទេ និងបានជូនដំណឹងថា ការបើកជូនលើកទី២ បានតែពាក់កណ្ដាលប៉ុណ្ណោះ ដោយនៅសល់ពាក់កណ្ដាលទៀត នឹងបើកជូនបង្គ្រប់នៅដើមខែមេសាខាងមុខ។

ក្រុមកម្មករ បានលើកឡើងថា កន្លងមក បញ្ហានេះក៏មានការអន្តរាគមន៍ពីខាងក្រសួងការងារផងដែរ ប៉ុន្តែការចូលរួមដោះស្រាយពីខាងក្រសួង ពុំទទួលបានលទ្ធផលនោះទេ ដោយភាគីក្រុមហ៊ុននៅតែរក្សាជំហរដដែល គឺបើកជូនកម្មករ បានតែពាក់កណ្ដាលនៃប្រាក់ឈ្នួលលើកទី២ ហើយចាំបង្គ្រប់នៅដើមខែមេសា។ ក្រុមកម្មករ អះអាងថា ពួកគាត់នឹងនៅបន្តធ្វើពហិការ ដោយមិនចូលធ្វើការឡើយ ប្រសិនបើក្រុមហ៊ុន មិនមានដំណោះជូនពួកគាត់ឲ្យបានសមរម្យនោះ។

សារព័ត៌មានខ្មែរណាស់ កំពុងព្យាយាមសុំការបំភ្លឺពីតំណាង ឬថៅកែរោចក្រ អំពីដំណោះស្រាយ ពាក់ព័ន្ធនឹងបញ្ហានេះ។

សូមបញ្ជាក់ថា រោងចក្រ ឃែនធឺរេន មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ វេងស្រេងក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យរាធានីភ្នំពេញ៕