កម្មករជាង១ពាន់នាក់នៅរោងចក្រផលិតសម្លៀកបំពាក់ឈ្មោះ យីងហ្វេ ខេមបូឌា ហ្គា​មេន​ខូអិលធីឌី ​(YING FE Cambodia GARMENT Co​.,LTD​) ស្ថិតនៅភូមិទ្រា សង្កាត់​សឹ្ទងមានជ័យ រាជធានីភ្នំពេញ បានយល់ព្រមចូលធ្វើការវិញនៅព្រឹកនេះ ក្រោយពីពួកគេសម្រេចទទួលការសន្យារបស់ថៅកែ ដែលថានឹងបើកប្រាក់ជំពាក់សម្រាប់បំណាច់កិច្ចសន្យា​ការងារឆ្នាំ២០២០ឱ្យពួកគេជាដំណាក់កាលៗ។ ប៉ុន្តែសង្គមស៊ីវិលថា ពន្យារពេលបើកប្រាក់ដល់កម្មករនេះ គឺអនុវត្តមិនត្រូវតាមច្បាប់ការងារនោះទេ។

តំណាងកម្មករម្នាក់បានប្រាប់សារព័ត៌មានខ្មែរណាស់នៅព្រឹកថ្ងៃទី១៥មករានេះថា កម្មករបានសម្រេចបញ្ឈប់ការតវ៉ា ដែលធ្លាប់បានទាមទារឱ្យថៅកែរោងចក្រជាជនជាតិចិន បើក​ប្រាក់ជំពាក់សម្រាប់បំណាច់កិច្ចសន្យាការងារអំឡុងឆ្នាំ២០២០ម្ដងទាំងអស់ ដោយមិនអាចឱ្យបានបើកជាដំណាក់កាលៗឡើយ។

លោកថ្លែងដូច្នេះថា៖« វាអាចទទួលយកបានហើយ ដែលក្រុមហ៊ុនមានដំណោះស្រាយជូន ហើយ​កម្មករក៏ព្រមចូលធ្វើការវិញ។ ខ្ញុំក៏សប្បាយចិត្តដែរ ព្រោះក្រុមហ៊ុនទទួលសំណើរពួកខ្ញុំ ព្រមបើកប្រាក់ឲ្យ តែបើកជាវគ្គៗ»។

លោកបន្តទៀតថា ក្រុមហ៊ុនបានសន្យាចាប់ផ្តើមបើកប្រាក់ទាំងនោះជួនកម្មករចំនួន​២​វគ្គ គឺលើកទី១នៅខែកុម្ភៈចំនួន៧ថ្ងៃកន្លះ និងនៅខែមេសាចំនួន៧ថ្ងៃកន្លះ ដើម្បីបញ្ចប់ការជំពាក់ប្រាក់បំណាច់កិច្ចសន្យាការងារឆ្នាំ២០២០។ ម៉្យាងទៀតក្រុមហ៊ុនក៏សន្យាបើកប្រាក់​បំណាច់កិច្ចសន្យាការងារវគ្គទី១នៃឆ្នាំ២០២១ ជូនកម្មករនៅខែមិថុនាដែរ។

ប៉ុន្តែលោកព្រួយបារម្ភខ្លាច កម្មករយល់ព្រមចូលធ្វើការវិញនេះ អាចត្រូវបានក្រុមហ៊ុនធ្វើបាប ដូចជាការបញ្ឈប់ការងារកម្មករជាដើម។



ក្រុមកម្មករទាំងនេះបានចេញតវ៉ានៅខាងមុខរោងចក្រកាលពីថ្ងៃម្សិលមិញដើម្បីទាម​ទារប្រាក់ជំពាក់ទាំងនោះ ខណៈខាងសង្គមស៊ីវិលលើកឡើងថា ការទាមទាររបស់ក្រុមកម្ម​ករគឺធ្វើស្របច្បាប់ ហើយការប្រកាសពន្យាពេលបើកប្រាក់ទាំងនេះរបស់ភាគីរោងចក្រ គឺរំលោភលើច្បាប់ស្ដីពីការងារ។

លោក សេង រាជ មន្ត្រីផ្អែកច្បាប់នៃអង្គការសង់ត្រាល់បានលើកថា ប្រាក់ដែលកម្មករទាមទាររោងចក្រយិនហី ជាប្រាក់បំណាច់កិច្ចសន្យាការងារដែលមានថិរៈវេលាកំណត់ ហើយកិច្ចសន្យានេះត្រូវបានអនុវត្ត៦ខែម្តង។

លោកបន្តថា កិច្ចសន្យានេះពេលដែលផុត៦ខែ ត្រូវតែតកិច្ចសន្យាបន្ត៦ខែទៀត ហើយក្នុងច្បាប់បាននិយាយថា ករណីកិច្ចសន្យាដែលមានថិរវេលាកំណត់បានបញ្ចប់កិច្ចសន្យា និយោជកត្រូវទូទាត់ប្រាក់បំណាច់កិច្ចយ៉ាងតិច៥ភាគរយ។

លោកថា៖«ទោះរោងចក្រថាបើកឲ្យមែន តែតាមការអនុវត្តនៅតែខុសទេ ព្រោះគាត់​(កម្ម​ករ) ផុតកិច្ចសន្យាតាំងពីខែមករាដល់ខែមិថុនាឆ្នាំ២០២០ម្តង។ អ៊ីចឹង! គាត់ត្រូវទូរទាត់ឲ្យ​គេម្តងសិន ហើយចាប់ផ្តើមចូលធ្វើការពីខែកក្កដា រហូតដល់ការទូទាត់លើកទី២»។

លោកបានបន្តទៀតថា ទោះកម្មករយល់ព្រមដំណោះស្រាយនេះក្តី បើតាមការអនុវត្តរបស់ខាងក្រុមហ៊ុនគឺខុសច្បាប់ ហើយក្រសួងការងារគឺមានក្រុមការអធិការកិច្ចការងារ គួរចុះ​ទៅ​ពិនិត្យតាមរោងចក្រ ថាតើរោងចក្រណាខ្លះបានអនុវត្តត្រឹមត្រូវតាមច្បាប់ការងារ មិន​គួរទុករហូតមានការផ្ទុះតវ៉ា ទើបចុះទៅនោះទេ៕