ក្រុមកម្មករជាង១ពាន់នាក់នៅរោងចក្រ ឌីកនើធី និងអ៊ីខូបេស ដែលស្ថិតនៅក្នុងសង្កាត់​សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល គ្រោងលើកគ្នាចេញតវ៉ានិងដាក់ញត្តិជាថ្មីទៅកាន់ខុទ្ទកាល័យនាយករដ្ឋមន្រ្តី ប្រសិនបើការទន្ទឹងរង់ចាំការលក់ឥវ៉ាន់ក្នុងរោងចក្រទាំងពីរ បន្តអូសបន្លាយពេលយូរថែមទៀត។

ការព្រមានចេញតវ៉ាជាថ្មីនេះ ក្រោយពីលោក គង់ សោភណ្ឌ អភិបាលខេត្តកណ្ដាលបានសម្រេច​តាំងពីថ្ងៃទី៣វិច្ឆិកា ឱ្យតុលាការខេត្តដាក់ដេញថ្លៃលក់ឥវ៉ាន់រោងចក្រ ដើម្បីយកប្រាក់មកទូទាត់សងឱ្យខាងកម្មករឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ ខណៈពួកគេកំពុងត្រូវបានរងគ្រោះដោយសារថៅកែបិទរោងចក្រហើយមិនបានបើកប្រាក់អត្ថប្រយោជន៍ផ្សេង​ៗ។

លោក ភិន សុភា ប្រធានសហជីពនៅរោងចក្រ ឌីកនើធី និងអ៊ីខូបេស បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី២៣វិច្ឆិកានេះថា រហូតមកដល់ពេលនេះ អាជ្ញាធរមិនបានផ្ដល់ព័ត៌មានអ្វីថ្មីជុំវិញការដាក់លក់ឥវ៉ាន់នៅក្នុងរោងចក្រនៅឡើយទេ និងបានធ្វើឱ្យកម្មករបន្តដេកយាមនៅខាងមុខរោងចក្រមិនដឹងពេលណាត្រូវបញ្ចប់។

លោកថា៖«កាលពីថ្ងៃទី៦និង៧វិច្ឆិកា មានក្រុមហ៊ុនជប៉ុនមួយឈ្មោះថា ជេស៊ី បានចុះមកសិក្សាវាយតម្លៃរយៈពេល៣ថ្ងៃ ហើយរហូតមកដល់ថ្ងៃទី២៣នេះ គឺមិនទាន់មានព័ត៌មានអ្វីថ្មីនៅឡើយទេ។ នៅចន្លោះថ្ងៃទី ១៦ និង១៧វិច្ឆិកា ខ្ញុំបានទាក់ទងទៅលោកអភិបាលខេត្ត​ពាក់ព័ន្ធនឹងបញ្ហានេះដែរ តែគាត់ថា គាត់នឹងទាក់ទងសួរខាងតុលាការឲ្យ។ ប៉ុន្តែចាប់ពីថ្ងៃទី ១៦និង១៧នោះរហូតមកដល់ថ្ងៃទី ២៣នេះមក គាត់មិនទាន់បានបញ្ជាក់ព័ត៌មានអ្វីបន្ថែមទៀតទេ»។

លោកបន្ថែមថា តាមការវាយតម្លៃរបស់លោកទៅលើឥវ៉ាន់នៅក្នុងរោងចក្រទាំងពីរនេះ ប្រហែលជាអាចលក់បាន៣លានដុល្លារជាង ហើយបើរឿងនេះនៅតែមិនមានដំណោះស្រាយ​នៅចុងខែវិច្ឆិកា ឬដើមខែធ្នូខាងមុខនេះទេ ប្រហែលជាអាចមានការហែរញត្តិទៅកាន់តុលាការ ឬក៏ទៅកាន់ផ្ទះរបស់នាយករដ្ឋមន្ត្រីផ្ទាល់ក៏ថាបាន។



លោកស្រី សួន រចនា កម្មការនីរោងចក្រឌីកនើធី បានលើកឡើងថា សម្រាប់កម្មកររោងចក្រក៏មិនទាន់មានដំណឹងថា នឹងមានការដោះស្រាយបញ្ចប់នៅពេលណាដែរ។

បងស្រីថា៖« អំឡុងពេលដែលរងចាំការដោះស្រាយនេះ ពួកខ្ញុំមានការលំបាកច្រើនណាស់ ដោយសារយប់ឡើងត្រូវដេកយាម និងថ្ងៃខ្លះមានអ្នកមករញ៉េរញ៉ៃ។ ជួនកាលមេឃភ្លៀងមិនបានសម្រាកដោយសារតង់របស់ពួកខ្ញុំរហែកអស់ រហូតដល់ថ្ងៃខ្លះមិនបានគេងទៀត​ផង»។

កម្មការនីរូបនេះបានសុំស្នើឲ្យអាជ្ញាធរ មេត្តាដោះស្រាយឲ្យបានឆាប់រហ័ស និងតាមសន្តិវិធីផង ដោយខាងពួកគាត់ក៏មិនចង់ឲ្យមានការធ្វើកូដកម្មនោះដែរ ប៉ុន្តែការតស៊ូដោយ​អហិង្សាគឺមានរយៈពេលជិតមួយឆ្នាំហើយ ខណៈដែលខាងក្រុមហ៊ុនចេះតែរំលោភសិទ្ធិរបស់​កម្មករ។

ប៉ុន្តែ លោក គង់ សោភណ្ឌ អភិបាលខេត្តកណ្តាលបានលើកឡើងថា៖« ទ្រព្យសម្បត្តិរបស់​រោង​ចក្រទាំង២ ត្រូវបានវាយតម្លៃនិងដាក់តម្កល់ ហើយបញ្ជូនទៅឲ្យខាងតុលាការជាអ្នកដោះស្រាយ ចំណែករឿងបន្ទាប់ ខ្ញុំសុំពេលខ្លីបន្តិចទៀត ដើម្បីសួរខាងតុលាការថាវានៅជាប់​អីបានបង្កជាការកកស្ទះក្នុងការដោះស្រាយនេះ»។

រោងចក្រ ឌីកនើធី និងអ៊ីខូបេស បានប្រកាសថាខ្លួនក្ស័យធនដោយសារវិបត្តិកូវីដ១៩​កាល​ពី​អំឡុងខេត្តមេសា និងបានបិទរោងចក្រ ដោយរោងចក្រនៅជំពាក់ប្រាក់ខែកម្មករ និងមិនបានទូទាត់ប្រាក់អត្ថប្រយោជន៍ផ្សេងៗនៅឡើយ៕