ក្រុមកម្មករជាង១ពាន់នាក់នៅរោងចក្រ ឌីកនើធី និងអ៊ីខូបេស នៅក្នុងសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបានរង់ចាំដំណោះស្រាយជាង១ឆ្នាំមកនេះ ចង់ទទួលបានប្រាក់សំណងឱ្យបានឆាប់ ស្របពេលតុលាការខេត្តកណ្ដាលអះអាងថា ការដាក់លក់​ឡៃ​ឡុង​ឥវ៉ាន់ក្នុងរោងចក្រទាំងពីរនេះ នឹងត្រូវដេញថ្លៃឡើងវិញឱ្យក្រុមហ៊ុនផ្សេងទៀត ក្រោយក្រុមហ៊ុនមួយដែលមកដេញថ្លៃកន្លងមកឱ្យតម្លៃទាប និងមិនគោរពតាមលក្ខខណ្ឌ។

លោក ភិន សុភា ប្រធានសហជីពនៅរោងចក្រឌីកនើធីនិងអ៊ីខូបេសបានប្រាប់សារព័ត៌​មាន​ខ្មែរណាស់នៅថ្ងៃទី៦មករានេះថា ការដេញលក់អចលនទ្រព្យរបស់រោងចក្រឌី មិនទាន់​ដាច់ស្រេចនៅឡើយទេ ដោយសារក្រុមហ៊ុនដែលមកដេញថ្លៃនាពេលកន្លងមកបានឲ្យតម្លៃទាបពេក និងមិនគោរពតាមលក្ខខណ្ឌរបស់តុលាកំណត់។

លោកថា៖«ក្រុមហ៊ុនដែលដេញថ្លៃនេះ ពេលដែលដល់ថ្ងៃដេញថ្លៃនៅថ្ងៃទី២៩ខែធ្នូ ក្រុមហ៊ុននេះមិនបានអនុវត្តតាមលក្ខខណ្ឌ ដូចជាមិនបានដាក់លុយតម្កល់ទៅតាមការកំណត់របស់​តុលាការតាមតម្លៃដែលបានដាក់លក់»។

លោកបានបន្តថា ការដេញថ្លៃដាក់លក់ត្រូវបានដាក់លើកទី២នៅថ្ងៃទី២៧មករាខាងមុខនេះ បើមានអ្នកទិញឬសារធារណៈជនណាចង់ទិញអាចដាក់ពាក្យចាប់ពីថ្ងៃនេះតទៅនៅតុលាដំបូងខេត្តកណ្តាល។ លោកបន្ថែមទៀតថា ការដាក់លក់មិនដាច់បានធ្វើឲ្យគាត់មាន​អារម្មរណ៍មិនសប្បាយចិត្ត ខកចិត្ត និងដេកហាលថ្ងៃហាលភ្លៀងដើម្បីយាមរបស់របរក្នុងរោងចក្របន្តទៀត។

លោកថា៖« ពួកខ្ញុំ(កម្មករ)នៅតែបន្តដេកយាមនៅមុខរោងចក្រដដែល។ ពីព្រោះបើមិនដេកយាមអត់បានទេខ្លាចមានបញ្ហគេលួច ដោយសារពួកខ្ញុំទាំងអស់ ពឹងលើទ្រព្យសម្បត្តិទាំងអស់ហ្នឹងហើយ។ អឹចឹង! ទោះពិបាកយ៉ាងណាក៏ពួកខ្ញុំដេកយាមទ្រព្យសម្បត្តិទាំងអស់នេះ»។

កាលដាក់លក់លើកទី១ ខាងតុលាបានដាក់តម្លៃជាង ១ ៧៧៧​ ០០០ លានដុល្លារ ហើយទាក់​ទងនឹងការដេញថ្លៃលក់លើកទី២ គឺលោក ភិន សុភា មិនទាន់ដឹងថារក្សាតម្លៃដដែល​ឬប្រែប្រួលយ៉ាងណាទេ។

លោក កេត ធី ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្តាលបានប្រាប់យ៉ាងខ្លីផងដែរថា ការដាក់លក់លើកទី២ ត្រូវដេញថ្លែនៅថ្ងៃទី២៧មករា ដើម្បីស្វែងរកអ្នកទិញ ព្រោះការដាក់​ដេញថ្លៃលើកទី១គ្មានអ្នកទិញ។



ចំណែកលោកស្រី សួន រចនា កម្មករធ្វើការនៅរោងចក្រឌីកនើធីអស់រយៈពេល១៥ឆ្នាំម្នាក់ បានសម្តែងការមិនសប្បាយចិត្ត ពេលដែលលក់ទ្រព្យសម្បត្តិនៅក្នុងរោងចក្រមិន​ទៅ​មុខ។

លោកស្រីថា៖«ខ្ញុំសូមសំណូមពរពន្លឿនការលក់នេះបន្តិចទៅ កុំពន្យារពេលពេក ពន្យារវាយូរណាស់ហើយរយៈពេល១ឆ្នាំ»។

លោកស្រីបន្តទៀតថា ការពន្យារពេលបែបនេះ គាត់ពិតជាមានការលំបាកកាន់តែខ្លាំង ដូច​ជាខ្វះលុយប្រើប្រាស់ប្រចាំថ្ងៃ បន្តគ្មានការងារធ្វើ គ្មានចំណូលនិងជំពាក់លុយធនាគារកាន់តែច្រើន។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានប្រាប់សារព័ត៌មានខ្មែរណាស់ដែរថា មូលហេតុ​ការដេញថ្លៃលើកទី១មិនបានដំណើរការ ដោយសារមិនមានអ្នកដេញថ្លៃគ្រប់គ្រាន់គឺមានតែក្រុមហ៊ុន១ ដែលចូលមកដេញថ្លៃ ហើយក្រុមហ៊ុននេះមិនបានតម្កល់ប្រាក់ការការណែនាំរបស់ច្បាប់។

លោកថា«ម៉្យាងវិញទៀត ការមិនដំណើរការជាមួយក្រុមហ៊ុនមួយនេះ ខ្លាចមាន​ហានិ​ភ័យ​លើ​តម្លៃដែលលក់ឡៃឡុងនេះមានតម្លៃទាបពេក»។

លោកបន្តទៀតថា ខាងតុលាខេត្តកណ្តាលបានបន្តសម្រេចដេញថ្លៃលើកទី២ ដើម្បីដាក់ឲ្យក្រុមហ៊ុនផេ្សងៗទៀតចុះឈ្មោះដេញថ្លៃ ដើម្បីបានប្រាក់ចំណូលសមរម្យត្រឹមត្រូវ អាចទទួល​យកបាននិងយកមកសងការជំពាក់កម្មករមុនគេ៕