ដំណាំពោត ត្រូវបានចាត់ថ្នាក់ជាដំណាំគោលទី៣ បន្ទាប់ពីដំណាំស្រូវ និងដំណាំដំ​ឡូងមី ដែលមានសក្តានុពលសម្រាប់នាំចេញ និងផ្គត់ផ្គង់ឱ្យតម្រូវការ​ក្នុងស្រុក​សម្រាប់បម្រើឱ្យវិស័យផលិតកម្មចំណីសត្វ អាហារមនុស្ស និងផលិតផលផ្សេងៗ។

បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះពោតសរុបចំនួន ១៥៤ ៥៩៨ហិចតា និងទទួលបាន​បរិមាណផលសរុបចំនួន ៧៣៥ ៥៥១តោន/ឆ្នាំ។ នេះបើយោងតាម​របាយការណ៍រប​ស់អគ្គនា​យកដ្ឋានកសិកម្មថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។

រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន បានសរសេរនៅលើ Facebook លោកដូច្នេះ​ថា «នៅឆ្នាំ២០១៤ នៅស្ថានីយស្រាវជ្រាវកសិកម្មបន្ទាយដែក ខេត្តកណ្តាល អគ្គនាយក​ដ្ឋានកសិកម្មបានសហការជាមួយមជ្ឈមណ្ឌល KOPIA ប្រចាំកម្ពុជាធ្វើការសិក្សា​ស្រាវ​ជ្រាវរកពូជពោតអ៊ីប្រ៊ីតថ្មីមួយ ដើម្បីចូលរួមបង្កើនផលិត​កម្មពូជពោតក្នុងស្រុក និងកាត់​បន្ថយពូជពោតនាំចូលពីបរទេស។ អស់រយៈពេលជាច្រើនឆ្នាំការស្រាវ​ជ្រាវសម្រេច​ទទួល​បានលទ្ធផល គឺប្រភេទពូជពោតអ៊ីប្រ៊ីតថ្មីមួយមានឈ្មោះថា “CHM01” ដែលមានលក្ខណៈសម្បត្តិគឺ៖

– ធន់នឹងជំងឺបួស (Downy Mildew- DM)

– ផ្តល់ទិន្នផលប្រមាណជា ៨,៦០តោន/ហ.ត ខ្ពស់ជាប្រភេទពូជពោតអ៊ីប្រ៊ីតដែលនាំចូលពីបរទេស

– ធន់នឹងការប្រែប្រួលអាកាសធាតុ



– មានអាយុកាលខ្លីជាងប្រភេទពូជអ៊ីប៊្រីដផ្សេងៗចំនួនពី១០-១៥ថ្ងៃ (១០០ថ្ងៃដាំដុះនៅរដូវប្រាំង និង១០៥ ថ្ងៃដាំនៅរដូវ វស្សា)

– មានគ្រាប់ធំ ពណ៌ទឹកក្រូចចាស់។

ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់អំពីលទ្ធផលស្រាវជ្រាវដែលបានអនុវត្តនៅក្នុងស្ថានីយ ជាពិសេសដើម្បីវាយតម្លៃអំពីភាពសមស្របនៃក្សេត្របរិស្ថានរបស់ពូជ ទិន្នផល គុណភាព ភាពធន់ទាំងជំងឺ និងការប្រែប្រួលអាកាស ធាតុនៅតំបន់ផ្សេងៗគ្នា នៅឆ្នាំបន្តបន្ទាប់ ២០១៧ ២០១៨ និង ២០១៩ អគ្គនាយកដ្ឋានកសិកម្មបាន​យកពូជ​ពោត​នេះ ទៅដាំដុះពិសោធន៍ បន្សាំនៅតាមបណ្តាចម្ការរបស់កសិករនៅខេត្តបាត់ដំបង កំពង់ចាម ត្បូងឃ្មុំ និងកណ្ដាលចំនួនជាង ២០០កន្លែង ទាំងក្នុងរដូវវស្សា និងរដូវប្រាំង ហើយលទ្ធផលទទួលបានមានលក្ខណៈប្រហាក់ប្រហែលលទ្ធផលនៅក្នុងស្ថានីយ។

យោងលើលទ្ធផលនៃការស្រាវជ្រាវទាំងពីរកន្លែង នៅខែឧសភា កន្លងមក ក្រសួងក​សិក​ម្ម រុក្ខា ប្រមាញ់ និងនេសាទ បានសម្រេចអនុញ្ញាត​ឱ្យចុះបញ្ជិកាជាពូជ​ពោតអ៊ី​ប្រ៊ីតកម្ពុជាដំបូងគេដែលមានឈ្មោះថា CHM01 សម្រាប់ប្រើប្រាស់ជាសាធារណៈ។

ក្នុងនាមដៃគូសហការស្រាវជ្រាវ នាយកមជ្ឈមណ្ឌល KOPIA បានចូលរួមអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសហប្រតិ បត្តិការ និងការសម្រេចបាន​នូវសមិទ្ធផល​គួរជាទីមោទនៈនេះ៕