លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើឲ្យរដ្ឋាភិបាលជប៉ុនជួយគាំទ្រដល់ការអភិវឌ្ឍន៍សហគមន៍កសិកម្ម និងគាំទ្រការអភិវឌ្ឍន៍ការចិញ្ចឹមសត្វនៅកម្ពុជាដោយប្រើប្រាស់ទឹកស្ពែមសិប្បនិមិ្មតស្រពតាមបរិបទថ្មីនៃដំណើរការវិវត្តន៍នៃបដិវត្តឧស្សាហកម្ម ៤.០ និងសម័យឌិជថល។

ការស្នើសុំរបស់លោករដ្ឋមន្រ្តី បានធ្វើឡើងកាលពីថ្ងៃទី២៦ ខែធ្នូ នៅពេលដែលលោកជួប លោក Jun TSUSHIMA និងឯកឧត្តម Arata TAKEBE សមាជិកសភាជប៉ុន និងលោក Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅឯទីស្តីការក្រសួងកសិកម្ម។ ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្រ្តី បានស្នើដល់រាជរដ្ឋាភិបាលជប៉ុន ជួយគាំទ្រដល់កិច្ចដំណើរការមជ្ឈមណ្ឌលភ្ញាស់ពូជត្រីនៅខេត្តព្រះសីហនុ និងស្នើគាំទ្រដល់ការបង្កើតមជ្ឈមណ្ឌលភ្ញាស់កូនត្រីទឹកសាបផងដែរ ដើម្បីជួយដល់ការបង្កើនជីវភាពប្រជាកសិករកម្ពុជា។

លោក វេង សាខុន នៅខាងស្តាំ

ជាមួយគ្នានេះ លោក វេង សាខុន ក៏បានស្នើដល់រដ្ឋាភិបាលជប៉ុនជួយរៀបចំដំណើរទស្សនកិច្ចគ្រប់កម្រិតក្នុងការសិក្សាផ្លាស់ប្តូរបទពិសោធន៍ ដើម្បីស្វែងយល់បន្ថែមពីការវិវឌ្ឍន៍ផ្នែកកសិកម្មនៅប្រទេសជប៉ុន ហើលោកក៏សុំឲ្យប្រទេសជប៉ុន ពិនិត្យពិចារណាពីលទ្ធភាពក្នុងកៀរគរអ្នកវិនិយោគទុនមកធ្វើការវិនិយោគលើការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា ក៏ដូចជាការទទួលទិញនូវផលិតផលកសិកម្មបន្ថែមពីកម្ពុជានាពេលខាងមុខ។