ការសាកល្បងដាំកប្បាសនេះ ត្រូវបានអនុវត្តដំបូងនៅខេត្តពោធិសាត់លើទំហំផ្ទៃដី ៣អា។ តាមការរំពឹងរបស់អ្នកគ្រប់គ្រងការដាំសាកល្បងនេះ តាមរយៈ​សេចក្តីប្រកាស​ព័ត៌មានរបស់ក្រសួងកសិកម្មបានបង្ហាញថា កប្បាសនឹងផ្តល់់ផល​បានយ៉ាង​ល្អប្រសើរ​គួរជាទីគាប់ចិត្ត។ នេះជាការដាំសាកល្បងលើកទី១ បើទិន្នផលឈាន​ដល់កម្រិត​មួយ​ដូច​ដែលក្រុមហ៊ុនចង់បាន នោះក្រុមហ៊ុននឹងដាំសាកល្បង​លើកទី២លើផ្ទៃដី​ចំនួន​១៨០ហិកតា។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចុះ​ទៅ​ពិនិត្យផ្ទាល់នៅថ្ងៃទី ១៣ មករា ដោយបានវាយតម្លៃខ្ពស់លើ​កិច្ចខិតខំប្រឹងប្រែង​របស់ថ្នាក់ដឹកនាំ បុគ្គលិកកម្មកររបស់់ក្រុមហ៊ុនដែលបានខិតខំយកចិត្តទុក និងស្មារ​តីទទួលខុសត្រូវក្នុងការដាំ ពិសោធន៍ដំណាំកប្បាស។

លោកបញ្ជាក់ថា នេះគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ នៅមានការងារជាច្រើន​ទៀត​ដែលត្រូវអនុវត្តបន្ត ធ្វើយ៉ាងណាឈានទៅសម្រេចគោលដៅ​ចំបងរបស់​ក្រុមហ៊ុន​នាពេល​អនាគត។

រោងចក្រពីរ គឺរោងចក្រ Jincheng Garment Factory និង Hengyu Garment Factory នៅក្នុងខេត្តពោធិសាត់ គ្រោងនឹងធ្វើការកែច្នៃផលិតផលកប្បាសនេះជាអំបោះសម្រាប់ផ្គត់ផ្គង់ឲ្យរោចក្រវាយនភ័ណ្ឌធ្វើជាក្រណាត់រួចផ្គត់ផ្គង់ឲ្យរោងចក្រកាត់ដេរសំលៀកបំពាក់នៅទូទាំងពិភពលោក។

រដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំឲ្យក្រុមហ៊ុនសហការជាមួយអគ្គនាយកកសិកម្ម មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តនិងអាជ្ញាធរដែនដីដើម្បីរួមសហការគ្នាដោះស្រាយបញ្ហា និងបន្តអនុវត្តផែនការសកម្មភាព​សំខាន់ៗឈានទៅធ្វើការអភិវឌ្ឍវិស័យ​ផលិតកម្មកប្បាសជាលក្ខណប្រព័ន្ធខ្សែចង្វាក់ផលិតកម្ម (ដាំ ប្រមូលផល កែច្នៃ និងប្រើប្រាស់) នៅកម្ពុជាឲ្យមានការរីកចម្រើននាពេលឆាប់ៗខាងមុខនេះ៕