កម្ពុជា និងវៀតណាម បានចុះអនុស្សរណៈយោគយល់គ្នា លើការចរចាបញ្ចប់ កិច្ចព្រម ព្រៀងស្ដីពីពាណិជ្ជកម្មតាមព្រំដែននៃប្រទេសទាំងពីរដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីក្នុងន័យ ពង្រឹងកិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ច នៅដើមខែ ធ្នូ ឆ្នាំ ២០១៨។

 អនុស្សរណៈដ៏សំខាន់នេះត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម ត្រាន់ទួនអាញ (Tran Tuan Anh) រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ក្រោមវត្តមានជាសាក្សីពីថ្នាក់ ដឹកនាំកំពូលនៃប្រទេសទាំងពីរ គឺសម្ដេច ហ៊ុន សែន ជា និងលោក ង្វៀងសួនហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្ដ្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

យោងតាមអនុស្សរណៈយោគយល់មានចំណុចសំខាន់ៗចំនួន ០២ ដែល ប្រទេស ហត្ថលេខីទាំងពីរ មានកាត្វកិច្ច ចូលរួមអនុវត្តន៍ គឺ៖ចំណុចទី១ ភាគីទាំងពីរនឹង គោរព តាមច្បាប់ និងបទបញ្ញតិ្តនៃប្រទេសរៀងៗខ្លួនទាក់ ទងបញ្ហាកាន់សាច់ប្រាក់ ឆ្លងកាត់ ព្រំដែន ហើយចំណុចទី២ភាគីទាំងពីរត្រូវបន្តពិភាក្សា និងដោះស្រាយបញ្ហា សេសសល់ ដែលមិនទាន់បានឯកភាពគ្នាទាក់ទងកិច្ចព្រម ព្រៀងពាណិជ្ជកម្មតាម ព្រំដែន ឱ្យបានឆាប់បំផុត៕