<

ភ្នំពេញ ៖ រដ្ឋមន្រ្ដីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទឯកឧត្តម វេង សាខុន បានលើកឡើងថា បច្ចុប្បន្នប្រទេសជាច្រើននៅលើពិភពលោកក៏ដូចជាប្រទេសកម្ពុជា បានយកចិត្តទុកដាក់ក្នុងការកាត់បន្ថយអសនិ្តសុខស្បៀងអាហារ និងកង្វះអាហាររូបត្ថម្ភ។

លោកបន្តថា នៅឆ្នាំ២០១៥ មានប្រជាជនប្រមាណ ៥១២លាននាក់ប្រឈមនឹង​ភាពអត់ឃ្លានពុំមានអាហារូបត្ថម្ភគ្រប់គ្រាន់។ ក្នុង១ឆ្នាំមនុស្សជា​ច្រើន​លាននាក់​បានបាត់បង់ជីវិត ដោយពុំមានស្បៀងអាហារគ្រប់គ្រាន់ និងកង្វះអាហាររូបត្ថម្ភ ពិសេសគឺស្រ្ដី និងកុមាររងផលប៉ះពាល់ខ្លាំងជាងគេ។

លោកឲ្យដឹងទៀតថា នៅប៉ុន្មានទសវត្សរ៍ចុងក្រោយពិភពលោករួមគ្នាក្នុងគោលដៅ ពិភពលោកមួយគ្មានការអត់ឃ្លាន និងកង្វះអាហាររូបត្ថម្ភឡើយ។ ការលើក​ឡើងបែបនេះ នៅក្នុង ទិវាស្បៀងអាហារពិភពលោកឆ្នាំ២០១៨ នៅខេត្តកំពង់ចាម កាលពីថ្ងៃ អង្គារ។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា វិស័យកសិកម្មបានដើរតួនាទី​យ៉ាងសំខាន់ក្នុងកិច្ចគាំពារ​សេដ្ឋកិច្ចសង្គមបរិស្ថានវប្បធម៌ ដើម្បីឈានទៅសម្រេចឱ្យបាននូវ​គោលបំណង​ជាសកលនៃគោលដៅបញ្ចប់នូវភាពអត់ឃ្លាននៅឆ្នាំ ២០៣០នាពេលខាងមុខ៕