ភ្នំពេញ៖ កម្ពុជា បាននាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុប កើនឡើង២១ភាគរយ នៅក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២០នេះ។ នេះបើតាមរបាយការណ៍ពីលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រាប់ទៅលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតថ្មីនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា នៅថ្ងៃទី១១ មីនា។

លោក វេង សាខុន បានបញ្ជាក់ថា ទិន្នផលសរុបសម្រាប់រយៈពេល២ខែដើមឆ្នាំនេះ គឺបាននាំចេញអង្ករកម្ពុជាទៅកាន់សហភាពអឺរ៉ុបបានជាង ៤១,៣ពាន់តោន និងបន្លែបានប្រមាណជា ៣៤,៥តោនផងដែរ។ រដ្ឋមន្រ្តីកសិកម្ម បាននិយាយដូច្នេះថា៖«គួរឲ្យកត់សម្គាល់ផងដែរ ការនាំចេញអង្ករកម្ពុជាទៅកាន់សហភាពអឺរ៉ុបនៅតែបន្តមានការកើនឡើងគួរជាទីមោទនផងដែរ ដោយក្នុងរយៈពេល០២ខែ ដើមឆ្នាំដូចគ្នាប្រៀបធៀបនឹងឆ្នាំ២០១៩ គឺមានការកើនឡើងជាង ២១,៧១ភាគរយ»។

ក្នុងរយៈពេល ២ខែដើមឆ្នាំនេះ ប្រទេសចិនបានទិញអង្ករកម្ពុជា ៣៧ភាគរយ សហគមន៍អឺរ៉ុបរួមទាំងអង់គ្លេស ៣០ភាគរយ ប្រទេសនៅក្នុងបណ្តាសហគមន៍អាស៊ាន ១៨ភាគរយ និងបណ្តាគោលដៅផ្សេងមានជាង១៤ភាគរយ។ បើសិនយកតែខែកុម្ភៈឆ្នាំ២០២០ ប្រៀបធៀបរយៈពេលដូចគ្នាក្នុងខែកុម្ភៈឆ្នាំ ២០១៩វិញ កម្ពុជានាំចេញទៅអឺរ៉ុបកើនឡើង ១២៦ ភាគរយ ទៅប្រទេសចិនកើន ៣៣ ភាគរយ និងទីផ្សារក្នុងប្រទេសអាស៊ានកើនជាង ១១៩ ភាគរយ។

មូលហេតុដែលនាំឲ្យមានការបញ្ជារទិញកើនឡើងដែលក្នុងនោះរួមមាន៖ ទី១ ដោយសារទីផ្សារសហគមន៍អឺរ៉ុប បានកំណត់អត្រាពន្ធនាំចូលធ្លាក់ចុះពី ១៧៥ អឺរ៉ូ មក ១៥០ អឺរ៉ូ។ទី ២ ដោយសារ កេរ្តិ៍ឈ្មោះអង្ករកម្ពុជាបានកំពុងកើនឡើង ក្រោយកិច្ចផ្សព្វផ្សាយ និងយុទ្ធនាការណ៍នានារបស់កសិករកម្ពុជា ជាពិសេសការផលិតស្រូវសរីរាង្គ ការផលិតស្រូវដែលមាននិរន្តភាព ការផលិតស្រូវដែលគោរពតាមគោលការណ៍សមធម៌ពាណិជ្ជកម្មជាដើម។ នេះបើតាមសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) កន្លងមក៕