ភ្នំពេញ៖ គម្រោង​នៃ​ការវិនិយោគ​ឆ្នាំនេះ មានការ​កើនឡើង​ចំនួន ២៨គម្រោង បើធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ ហើយគំរោង​វិនិយោគ​ទាំងនេះ ​បាន​បង្កើត​ការងារ​ចំនួន​ជិត ៣៦០០០កន្លែង​នៅ​កម្ពុជា។ ​​​​

បើទោះជា​គម្រោង​វិនិយោគ​ឆ្នាំនេះ មាន​កំនើន​ចំនួន២៨គម្រោង ប៉ុន្តែ​ទំហំ​ទុនវិនិយោគ​មានការ​ធ្លាក់ចុះ​ជាង ១ពាន់​លាន​ដុល្លារ។ នេះបើតាមការបង្ហាញនៅក្នុងរបាយការណ៍​ដដែល​នេះ​។

យោងតាម​ទិន្នន័យ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា(CDC) ចេញផ្សាយនៅ​ថ្ងៃទី១៤ វិច្ឆិកា​ បានបង្ហាញថា កម្ពុជា​ទទួលបាន​គម្រោង​វិនិយោគ​សរុប​ចំនួន១៧០ នៅក្នុង​រយៈ​ពេល​៩ខែ​ដើមឆ្នាំ២០១៨នេះ ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន​ជាង ៤,៧ពាន់​លាន​ដុល្លារ។

អ្វីដែល​គួរ​ឲ្យ​កត់សំគាល់នោះ នៅក្នុងរបាយការណ៍​បាន​បង្ហាញថា ប្រទេស​ចិន​នៅតែ​ជា​ប្រទេស​នាំមុខគេ ដែល​បាន​វិនិយោគ​នៅ​កម្ពុជា ដោយ​​បាន​ក្តោប​ក្តាប់​ការវិនិយោគ​ចំនួន​ជាង៦០% បន្ទាប់មកមាន​ប្រទេស​ជប៉ុន ថៃ ម៉ាឡេស៊ី និង​អង់គ្លេស​ជាដើម៕