ភ្នំពេញ៖ យោងតាម​ការសិក្សា​រប​ស់​ក្រសួង​រៀបចំ​ដែនដី​បាន​ឲ្យ​ដឹងថា កម្ពុជា​ត្រូវការ​លំនៅដ្ឋាន​ប្រមាណ៨០ម៉ឺន​ខ្នង​បន្ថែមទៀត គិតពី​ចន្លោះ​ឆ្នាំ២០១៥ ដល់​ឆ្នាំ២០៣០​ខាងមុខនេះ បន្ទាប់ពីក្រសួង​រៀបចំ​ដែនដី ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្នបុរី​លំនៅដ្ឋាន​ និង​សំណង់​បាន​កើន​ដល់ ២២៨ទីតាំងនៅ​រាជធានី​ភ្នំពេញ ខណៈ​​ទុនវិនិយោគ​ក្នុង​វិស័យនេះ សម្រេចបាន​ទំហំ​ទឹកប្រាក់​ជាង៤៨០០ លាន​ដុល្លារ​អាមេរិក ​ក្នុង​ដំណាច់ត្រីមាស​ទី៣ឆ្នាំនេះ។ នេះបើតាម​របាយការណ៍​បង្ហាញដោយ​ក្រសួងរៀបចំដែន នាពេលថ្មីៗនេះ។

បើតាមរបាយការណ៍ដដែល ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​ក្នុង​ដំណាច់ត្រីមាស​ទី៣ឆ្នាំនេះ សម្រេចបាន​ទំហំ​ទឹកប្រាក់​ជាង៤៨២០លាន​ដុល្លារ​អាមេរិក និង​ផ្ទៃក្រឡា​សំណង់​ជិត១០,៨ លាន​ម៉ែត្រការ៉េ។ ក្នុងចំណោម​គំរោង​ទាំងនោះ​មានការ​បោះទុន​វិនិយោគ ពី​ក្រុមហ៊ុន​មកពី​បរទេស​ចំនួន ៣៣គម្រោង និង​មាន​ទឹកប្រាក់​វិនិយោគ​ជាង៤៨៨,៧លាន​ដុល្លារ​ ចំណែក​ទំហំ​សំណង់​ជាង១,១៤លាន​ម៉ែត្រការ៉េ៕