
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន១៧នាក់ថែមទៀត ក្នុងនោះករណីឆ្លងសហគមន៍ ២០កុម្ភៈ ចំនួន ១៥នាក់។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល នៅព្រឹកនេះ។
បើតាមក្រសួងសុខាភិបាល អ្នកឆ្លងកូវីដ១៩ ថ្មីទាំង១៧នាក់នេះរួមមាន ជនជាតិឆេកម្នាក់ ដែលអ្នកធ្វើដំណើរមកពីប្រទេសឆេក, ជនជាតិចិនចំនួន១៤នាក់ និងវៀតណាមម្នាក់ ដែលជាអ្នកពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» និងបុរសជនជាតិខ្មែរម្នាក់ ដែលបានធ្វើដំណើរមកពីប្រទេសថៃ។
ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍វិធានការការពារខ្លួន ឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ជោ ហ៊ុនសម្តេច សែន ដើម្បីទប់ស្កាត់ការចម្លងបន្តនូវវីរុសកូវីដ១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ ពោលគឺត្រូវអនុវត្តន៍នូវវិធានការ ៣ការពារ និង៣កុំ ត្រូវចូលរួមធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ អ្នកពាក់ព័ន្ធ ១៤ថ្ងៃមុនព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ត្រូវមកធ្វើតេស្ត នៅមណ្ឌលសុខភាពចាក់អង្រែ ត្រូវចូលរួមផ្តល់ព័ត៌មានបុគ្គល ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលនៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បើមិនចាំបាច់សូមនៅផ្ទះ និងមិនត្រូវរើសអើងអ្នកដែលឆ្លងកូវីដ១៩។
ចំណែកអ្នកជាសះស្បើយពីជំងឺនៅថ្ងៃនេះ មានចំនួន៣នាក់ផងដែរ ក្នុងនោះ បុរសជនជាតិនីហ្សេរីយ៉ាម្នាក់ និងស្ត្រីជនជាតិចិនម្នាក់ ដែលធ្វើដំណើរមកពីក្រៅប្រទេស និងស្ត្រីជនជាតិខ្មែរម្នាក់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ។
គិតត្រឹមព្រឹកថ្ងៃទី២១ ខែកុម្ភៈ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៥៣៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៣នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៦០នាក់។
ពាក់ព័ន្ធនឹងការផ្ទុះជំងឺកូវីដនេះ រាជរដ្ឋាភិបាលបានប្រកាសបិទទីតាំងមួយចំនួន ដូចជា ក្លឹបកម្សាន្តN8 និងកោះពេជ្រ ជាដើម៕



