នៅព្រឹកថ្ងៃទី២២មករានេះ ក្រសួងប្រកាសមានអ្នកឆ្លងជំងឺកូវីដថ្មីចំនន៣នាក់ទៀត ដែលជាករណីនាំចូល ប៉ុន្តែមិនមែនពលករមកពីថៃនោះទេ។ ករណីថ្មីទី១និងទី២ ជាស្រ្តីជនជាតិខ្មែរអាយុ៦៦ឆ្នាំ និងបុរសជនជាតិខ្មែរអាយុ៧០ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ដេប៉ូ១ ខណ្ឌទួលគោក រាជធានៅភ្នំពេញ ដែលធ្វើដំណើរមកពីសហរដ្ឋអេមរិក បន្តជើង​ហោះហើរនៅប្រទេសសិង្ហបុរី បានមកដល់កម្ពុជានៅថ្ងៃទី២០មករា។

បច្ចុប្បន្ន អ្នកទាំង ២កំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និង​ហង់សិន រាជធានីភ្នំពេញ។

ចំណែកករណីទី៣ជាបុរសជនជាតិនីហ្សេរីយ៉ា មានអាយុ ៣១ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសនីហ្សេរីយ៉ា បន្តជើងហោះហើរនៅប្រទេស​កូរ៉េខាងត្បូង និងមកដល់កម្ពុជានៅថ្ងៃទី ២០មករា។ បច្ចុប្បន្នអ្នកជំងឺរូបនេះកំពុងដាក់​ឱ្យ​សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។



សូមបញ្ជាក់ថា អ្នកធ្វើដំណើររួមតាមជើងហោះហើរជាមួយអ្នកជំងឺទាំង៣នេះសរុបមានចំនួន ១២៧នាក់ ហើយបច្ចុប្បន្ន កំពុងដាក់ឱ្យធ្វើចត្តាឡីស័កតាមទីតាំងខុសៗគ្នា។

មកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៤៥៦នាក់ ព្យាបាលជាសះស្បើយចំនួន ៣៩៩នាក់ និងកំពុងសម្រាកព្យបាលនៅមន្ទីរសម្រាកព្យាបាលចំនួន៥៧នាក់៕