សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចឱ្យបណ្តេញជនបរទេសចេញពីកម្ពុជានិងលែង​ឱ្យត្រឡប់ចូលមកវិញ ប្រសិនបើពួកគេគេចវេះ និងមិនចូលរួមសហការក្នុងការធ្វើ​ចត្តា​ឡីស័កឱ្យត្រឹមត្រូវ។ ការសម្រេចនេះ បានធ្វើឡើងតាមសំណើរបស់លោក ឌី វិជ្ជា អគ្គស្នងការរងនរគបាលជាតិ និងជាអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩។

លោក ឌី វិជ្ជា បានដាក់សំណើរនេះទៅនាយករដ្ឋមន្ត្រីនៅថ្ងៃទី២២កុម្ភៈថា ក្នុងព្រឹត្តិការណ៍ឆ្លងកូវីដក្នុងសហគមន៍៣វិច្ឆិកា និង២៨វិច្ឆិកា និង ២០កុម្ភៈនេះ អនុគណៈកម្មការស្រាវ​ជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ -១៩ តែងជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនក្នុងប្រតិបត្តិការរបស់ខ្លួន ដូចជាបុគ្គលជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ មិនព្រមសហការផ្តល់ការសម្ភាសន៍ ផ្តាច់ទំនាក់ទំនង និងករណីរត់គេចមិនព្រមធ្វើ​ចត្តា​ឡី​ស័ក​ជាដើម ដែលបានធ្វើឱ្យប្រតិបត្តិការស្រាវជ្រាវនិងតាមដាន មានភាពយឺតយ៉ាវ និងខ្វះចន្លោះ។



លោក ឌី វិជ្ជា បានស្នើដើម្បីអនុវត្តន៍នូវវិធានការចំនួន៣ចំពោះការមិនសហការទាំងនេះដើម្បីពង្រឹងប្រសិទ្ធ ភាពការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍ ដូចជាជនបរទេស ត្រូវបណ្តេញចេញពីប្រទេសកម្ពុជា និងហាមចូលប្រទេសជាថ្មី ត្រូវចាត់វិធាន​ការតាមផ្លូវច្បាប់ចំពោះជនជាតិខ្មែរ និងសម្រាប់ម្ចាស់ទីតាំងនឹងត្រូវដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំង។

ការអនុវត្តវិធានការថ្មីនេះ បន្ទាប់ពីកម្ពុជាប្រឈមការផ្ទុះកូវីដក្នុងសហគមន៍សារជាថ្មីកាលពីថ្ងៃទី២០កុម្ភៈ ដែលមានប្រភពចម្លងចេញពីក្លឹបកម្សាន្តN8 ក្រោយពីមានក្រុមស្រ្ដីជនជាតិចិនដែលបានធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារមួយក្នុងទីក្រុងភ្នំពេញ និងបានលួចចេញទៅចូលក្លឹបកម្សាន្តនេះ៕