លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើជាអធិបតីក្នុងពិធីសម្ពោធការនាំចេញផ្លែចេកអំបូងលឿងស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ ការនាំចេញចេកអំបូងលឿង ១០០ តោនទៅកាន់ប្រទេសចិននេះ ធ្វើឡើងតាមរយៈក្រុមហ៊ុនចំនួន៥ ដែលទទួលបានគោលការណ៍អនុញ្ញាតពីក្រសួងកសិកម្ម។

លោក វេង សាខុន បានលើកឡើងនៅក្នុងពិធីនៅថ្ងៃទី ៩ ឧសភាថា លទ្ធផលនៃការនាំចេញនេះ មិនអាចកាត់ផ្តាច់បានពីកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងភាគីកម្ពុជា និងចិន ក្នុងការចរចារ ការឧបត្ថម្ភ និងបច្ចេកទេសពីភាគីចិន ដោយធ្វើយ៉ាងណាដើម្បីនាំផ្លែចេកស្រស់កម្ពុជាចូលទៅក្នុងទីផ្សារចិន។ លោកបញ្ជាក់យ៉ាងនេះថា៖«ក្នុងចំណោម១០ ក្រុមហ៊ុន ដែលបានដាក់ពាក្យស្នើសុំគោការណ៍អនុញ្ញាតនាំចេញផ្លែចេកអំបូងលឿងស្រស់ មានតែក្រុមហ៊ុនចំនួន០៥ មានក្រុមហ៊ុនសុវណ្ណរាជសី ឡុងស្រេងហ៊ុយជៀន ហ្គែនឡែន ហ្គ្រីនអាយឡែន និងក្រុមហ៊ុនឡងមេត ដែលគោរពបានតាមលក្ខខណ្ឌច្បាប់ និងបច្ចេកទេស ហើយអាចធ្វើការនាំចេញចេកស្រស់ទៅកាន់ទីផ្សារចិនលើកទី១ បានចំនួនជាង១០០តោននាថ្ងៃនេះ»។

ជាមួយគ្នានេះ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មក៏បានឡើងថា ផលិតកម្មចេកអំបូងលឿងដែលកំពុងមានទីផ្សារខ្ពស់នៅអន្តរជាតិ ហើយកំពុងត្រៀមរៀបចំធ្វើការនាំចេញជាបន្តបន្ទាប់នាចាប់ពីពេលនេះតទៅ។ ក្រៅពីនេះ លោកក៏បានបញ្ជាក់ដោយសង្ខេបពីដំណើរការនៃការចរចារជា មួយភាគីចិនអំពីនីតិវិធី បែបបទ ឯកសារចាំបាច់សំខាន់ៗទាំងច្បាប់ និងបច្ចេកទេស ជាពិសេសឯកសារអនាម័យ និងភូតគាមអនាម័យមុនឈានទៅចុះហត្ថលេខាលើ​អនុស្សរណ:​នៃការយោគ យល់គ្នាកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ស្តីពីការនាំចេកស្រស់ចេញទៅកាន់ទីផ្សារចិន៕