ការជួញដូរនិងបរិភោគសាច់ឆ្កែឬសុនខ ត្រូវបានគេលើកឡើងថា ជាទង្វើប្រាសចាកពីវប្បធម៌របស់ខ្មែរ និងជាអំពើអសីសធម៌។ ការលើកឡើងនេះ ស្របពេលអ្នកចូលចិត្តចិញ្ចឹមសត្វឆ្កែ កាន់តែព្រួយបារម្ភអំពីការកើនឡើងនៃហាងលក់សាច់ឆ្កែ។

ពលរដ្ឋយល់ថា ការបណ្ដោយឱ្យមានហាងសាច់ឆ្កែគ្រប់ទីកន្លែង គឺជាមូលហេតុនាំឱ្យមានបទល្មើសលួចទាក់សត្វឆ្កែរបស់ពួកគាត់ជាបន្តបន្ទាប់ ហើយអាជ្ញាធរគួរមានវិធានការបន្ថែមទៀត។

ការលើកឡើងរបស់ពលរដ្ឋនេះ ស្របពេលឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានលើកឡើងតាមទំព័រហ្វេកប៊ុកដែរថា ដល់ពេលហើយ ដែលប្រជាពលរដ្ឋនិងអ្នកអនុវត្តច្បាប់ ត្រូវចូលរួមលុបបំបាត់សកម្មភាពលក់និងបរិភោគសាច់ឆ្កែ។

ឯកឧត្តមបន្តថា ការបរិភោគសាច់ឆ្កែឬហៅថាសត្វសុនខ គឺទីមួយធ្វើឱ្យបាត់បង់វប្បធម៌ទំនៀមទម្លាប់និងប្រពៃណីរបស់ប្រជាជនខ្មែរដែលតែងផ្ដាំកូនចៅកុំឱ្យបរិភោគសាច់សុនខដោយយល់ថា អាចនាំឱ្យចង្រៃដល់ខ្លួនឯងនិងគ្រួសារ។ ទី២ បង្កឱ្យមានអំពើចោរកម្មនិងបទល្មើសផ្សេងៗក្នុងសង្គម រួមទាំងទង្វើកាចសាហាវក្នុងគ្រួសារ។ ទី៣ អាចបង្កឱ្យមានជំងឺឆ្លងផ្សេងៗ។ និងទី៤ ជាទង្វើអសីលធម៌ចំពោះគុណបំណាច់សុនខដែលបំរើមនុស្សជាតិ តាមរយៈហិតមីន ការពារសន្ដិសុខក្នុងគ្រួសារនិងសាធារណៈ ចូលរួមសកម្មភាពប្រឆាំងភេរវកម្មនិងគ្រឿងញៀន និងសុនខការពារព្រដែនជាដើម។

ឯកឧត្តម ហេង រតនា បញ្ជាក់ទៀតថា អង្គការប្រឆាំងការជួញដូរសុនខនៅកម្ពុជា នឹងចុះប្រមូលយកសុនខអនាថា ព្យាបាលសុនខតាមទីវត្តអារាម និងផ្សព្វផ្សាយឱ្យអ្នកលក់សាច់សុនខប្ដូរមុខរបរថ្មី។

ជារៀងរាល់ឆ្នាំ នៅទូទាំងតំបន់អាស៊ី មានសុនខជាង១០លានក្បាលត្រូវបានគេសម្លាប់ដើម្បីយកសាច់ដាក់លក់តាមទីផ្សារឱ្យមនុស្សទិញទៅបរិភោគ ហើយជារៀងរាល់ឆ្នាំដូចគ្នា មានមនុស្សចន្លោះពី៥ម៉ឺនទៅ៧ម៉ឺននាក់ បានស្លាប់ដោយសារបរិភោគប៉ះចំសត្វសុនខដែលឆ្លងជំងឺឆ្កួត៕