ថ្ងៃទី២៧មករា២០២១នេះ គឺជាខួបមួយឆ្នាំដែលកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ ១៩ ដំបូងនៅក្នុងប្រទេស ដែលបាននាំជំងឺចូលពីប្រទេសចិន។ កម្ពុជាបានរកឃើញករណីដំបូងនេះនៅថ្ងៃទី២៧មករាឆ្នាំ២០២០ លើបុរសជនជាតិចិនម្នាក់ ដែលបានធ្វើដំណើរជាមួយប្រពន្ធនិងកូនចំនួន២នាក់ ចេញពីទីក្រុងវូហានដែលជាតំបន់ផ្ទុះជំងឺ​កូវីដ​១៩​ដំបូងគេនៅក្នុងពិភពលោក ចូលមកកាន់ខេត្តព្រះសីហនុ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន មន្រ្តីនាំពាក្យក្រសួងសុខាភិបាលបានលើកឡើងថា ក្នុង​រយៈពេលខួបមួយឆ្នាំនេះ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៤៦០នាក់ ដែលភាគច្រើនជាករណីនាំចូលពីក្រៅប្រទេស ហើយក្នុងនោះបានជាសះស្បើយវិញមានចំនួន៤២៣នាក់។

លោកស្រីបន្តថា ការបន្តចូលរួមទប់ស្កាត់វីរុសកូវីដ១៩នេះ គឺនៅតែមានភាពចាំបាច់ណាស់សម្រាប់កម្ពុជា។ លោកស្រីថា៖«សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ចំពោះការការពារខ្លួនឱ្យបានហ្មត់ចត់ មិនត្រូវធ្វេសប្រហែស និងមើលស្រាលទៅលើលទ្ធភាពនៃការវាយលុកនៃវីរុសកូវីដ ១៩នេះឱ្យសោះ ព្រោះវីរុសនេះអាចវាយលុកមកលើសរីរាង្គរបស់យើងគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ»។

កម្ពុជា ជាប្រទេសមួយដែលត្រូវបានគេទទួលស្គាល់ថា កំពុងគ្រប់គ្រងបានល្អប្រសើរដែលមិនឱ្យជំងឺនេះឆ្លងរាត​ត្បាតទ្រុងទ្រាយធំនៅក្នុងប្រទេស និងមិនធ្វើឱ្យមានអ្នកស្លាប់ ថ្វីត្បិតបានកម្ពុជាបានឆ្លងកាត់ការឆ្លងរាលដាលជាចង្កោមធំៗចំនួន២កាលពីអំឡុង​ខែ​វិច្ឆិកា​ក្ដី។

ទោះជាយ៉ាងណា សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីបានថ្លែងកាលពីសប្ដាហ៍មុននេះថា កម្ពុជាត្រូវប្រញាប់ចាក់វ៉ាក់សាំងឱ្យពលរដ្ឋរបស់ខ្លួនប៉ុន្តែចាក់សម្រាប់តែអ្នកស្ម័គ្រចិត្តប៉ុណ្ណោះ និងបានរំពឹងទុកថា នៅមុនចូលឆ្នាំខ្មែរខាងមុននេះ រដ្ឋាភិបាលចង់ចាក់វ៉ាក់សាំងឱ្យពលរដ្ឋឱ្យបាន៥០ម៉ឺននាក់ ស្របពេលវ៉ាក់សាំងSinopharm ដែលចិនសន្យាផ្ដល់ចំនួន១លានដុល្លារដូស គ្រោងនឹងមកដល់កម្ពុជាជាបន្តបន្ទាប់ចាប់ពីខែកុម្ភៈខាងមុននេះ។



ប្រមុខរដ្ឋាភិបាលអះអាងថា ការបង្ខំចាក់វ៉ាក់សាំងលើពលរដ្ឋនេះ គឺដើម្បីទាក់ទាញអ្នកវិនិយោគបរទេស ហើយដើម្បីកុំគេចាត់ទុកកម្ពុជា ជាប្រទេសមួយដែលមានហានិភ័យឆ្លងកូវីដ១៩ ដោយសារមិនបានចាក់វ៉ាក់សាំងឱ្យពលរដ្ឋ។ នាយករដ្ឋមន្រ្តីក៏បន្ថែមថា កម្ពុជាក៏អាចនឹងដាក់បំរាមលើអ្នកដំណើរជនបរទេសចូលក្នុងប្រទេសដែរ ប្រសិនបើពួកគេមិនត្រូវបានចាក់វ៉ាក់សាំងជាមុន។

លោកស្រី ឱ វណ្ណឌីន បានលើកឡើងទៀតថា កម្ពុជានៅតែបន្តអនុញ្ញាតិឱ្យមានអ្នកដំណើរ​ចូលមក ប៉ុន្តែពួកគេត្រូវអនុវត្តតាមវិធានការចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងមិនត្រូវព្យាយាមរត់គេចពីកន្លែងធ្វើចត្តាឡីស័កឡើយ។

លោកស្រីបន្តថា៖«នេះជាការចូលរួមដ៏សំខាន់ពីបងប្អូនអ្នកដំណើររបស់យើង ក្នុងការជួយធ្វើយ៉ាងណាឱ្យខ្លួនឯងមានសុខភាពល្អ ជួយទប់ស្កាត់កុំឱ្យមានការចម្លងពីបុគ្គលទៅគ្រួសារ​របស់ខ្លួន ក៏ដូចជាទប់ស្កាត់កុំឱ្យមានការចម្លងចូលនៅក្នុងសហគមន៍នៅក្នុងប្រទេសកម្ពុជារបស់យើងផងដែរ»។

លោកស្រីក៏សំណមពរបន្ថែមសុំឱ្យម្ចាស់ដើមបុណ្យ ឬម្ចាស់កម្មវិធីអាពាហ៍ពិពាហ៍ទាំងអស់ ចូលរួមគោរពឱ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលបានចេញនូវការណែនាំកាលពីថ្ងៃទី២៦មករាម្សិល ដូចជាតម្រូវឱ្យភ្ញៀវអង្គុយត្រឹមតែ៥នាក់ប៉ុណ្ណោះក្នុងមួយតុ និងត្រូវបន្តអនុវត្តនូវវិធានការ ៣កុំ និង ៣ការពារ ហើយត្រូវរក្សាគម្លាតសុវតិ្តភាពបុគ្គលផងដែរ៕