កម្ពុជា គ្រោងនាំអំបិលចូលប្រមាណ១០ម៉ឺនតោនពីបរទេស សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក ក្នុងឆ្នាំ២០១៨ នេះ។មូលហេតុដែលកម្ពុជា ត្រូវការនាំចូលអំបិលពីបរទេសនោះ ដោយសារតែកម្ពុជាមិនអាចផលិតអំបិលសម្រាប់ប្រើប្រាស់បាន ព្រោះអាកាសធាតុមិនល្អ និងមានភ្លៀងធ្លាក់ច្រើនពេក។ នេះបើតាមលោក ប៊ុន បារាំង ប្រធានសមាគមផលិតអំបិលកម្ពុជា ។

ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា AKP ដែលបានស្រង់សម្ដីលោក ប៊ុន បារាំង បានបញ្ជាក់ថា កម្ពុជាមានតម្រូវការអំបិលសម្រាប់ប្រើប្រាស់ប្រមាណ១០ម៉ឺនតោន ក្នុងមួយឆ្នាំៗ ។ ហើយសមាគមផលិតអំបិលកម្ពុជា កំពុង​សិក្សាលើផលិតផល​អំបិលនៅ​ចិន និងឥណ្ឌា និង​បណ្តា​ប្រទេសផ្សេងទៀត សម្រាប់ការនាំចូលអំបិលមកផ្គត់ផ្គង់តម្រូវការក្នុងស្រុក។ បើតាមលោក បារាំង លោកកំពុងរៀបចំផែនការស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលក្នុងការនាំចូលអំបិលនេះ ប៉ុន្តែមិនឲ្យលើសពីតម្រូវការក្នុងស្រុកឡើយ។

កាលពីឆ្នាំ២០១៧ កម្ពុជាកង្វះអំបិលចំនួន ៦៧ពាន់តោន ខណៈដែលខេត្តកំពត និងខេត្តកែប ផលិតអំបិលបានត្រឹមតែ ៣៣ពាន់តោនប៉ុណ្ណោះ៕