មណ្ឌលកីឡាហែលទឹកនៃពហុកីឡដ្ឋានមរតកតេជោ បានប្រកាសជាថ្មី ដោយបើកឲ្យសាធារណៈជន ជាពិសេសអ្នកដែលចូលចិត្តហែលទឹកកម្សាន្ត អាចចូលទៅហែលទឹកបានដោយ ពុំគិតថ្លៃ រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្តាហ៍។ 

បើតាមសេចក្តីជូនដំណឹងរបស់ពហុកីឡាដ្ឋានមរតកតេជោ មជ្ឈមណ្ឌលហែលទឹកនេះ ស្ថិតក្នុងបរិវេណពហុកីឡដ្ឋានមរតតេជោ នៅក្នុងដីឡូតិ៍ ភូមិពាម ឃុំសំបូរមាស ខណ្ឌជ្រោយចង្វា រាជធានភ្នំពេញ។  កន្លែងហែលទឹក ដ៏ទំនើបកំរិតស្តង់ដារអន្តរជាតិ និងធំជាងគេក្នុងប្រទេសកម្ពុជាមួយនេះ បើកឲ្យសាធារណៈជនចូលហែលទឹកលេងកម្សាន្តបានដោយសេរីនៅរៀងរាល់ថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៥ ល្ងាច។ ហើយសម្រាប់លក្ខណ្ឌ អ្នកដែលមកហែលទឹក ត្រូវមានឯកសណ្ឋាន និងឧបករណ៍ហែលទឹកដោយខ្លួនឯង និងទទួលខុសត្រូវសុវត្ថិភាពខ្លួនឯង។

សូមបញ្ជាក់ថា ការសាងសង់ពហុកីឡដ្ឋានមរតកតេជោ ដ៏ទំនើបនេះ ចំណាយថវិកា​ជាង ១៥៧ លាន​ដុល្លារ​អាមេរិក​​។ ​ថវិកា សាងសង់​ គឺជា​ជំ​នួយ​ឥត​សំណង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ៕