ចាប់ពីថ្ងៃដំបូងអរម៉ូនមួយចំនួនជួយជំរុញអោយបញ្ចេញទឹកដោះដំបូង (Colostrum)។ Colostrum មានពណ៌លឿងទឹកក្រូចផ្ទុកទៅដោយវីតាមីនជាច្រើន និងជាតិរ៉ែ ព្រមទាំង អង់ទីករ(Anticorps) ការពារកូនលោកអ្នកពីការឆ្លងរោគ ។
លោកអ្នកត្រូវដាក់អោយកូនបៅក្នុងពីរម៉ោងដំបូងនៃកំនើតកូន។ ទារកមួយចំនួនធំអាចបឺតជញ្ជក់ដោះម្តាយបានដោយខ្លួនឯង ។ ការបឺតជញ្ជក់ដោះម្តាយជំរុញអោយក្រពេញដោះឆាប់បញ្ចេញទឹកដោះ។ ទោះជាពេលនេះទារកខ្លះមិនទាន់ចេះបៅក៏ដោយ លោកអ្នកគួរព្យាយាមដាក់ទារកលេងទ្រូងម្តាយដោយស្បែកប៉ះស្បែករួចសាកល្បងអោយជញ្ជក់ម្តងទៀត។ មិនត្រូវកំណត់ម៉ោងបំបៅកូនទេ។ ការដាក់អោយកូនបៅត្រូវធ្វើឡើងនៅពេលកូនភ្ញាក់ពីដំណេកត្រឹមត្រូវ ( ភ្នែករបស់កូនបើកហើយមានចលនា ដៃជើងកំរើក) ។

ក)សញ្ញាដែលបញ្ជាក់ថាកូនឃ្លាន៖
– ប្រែប្រួលការដកដង្ហើម ធ្វើចលនាភ្នែក មាត់ និងមុខ
– កំរើកដៃជើង ជញ្ជក់ដៃ
– ជញ្ជក់មាត់
លោកអ្នកពុំគួរណាទុកកូនឲ្យឃ្លានខ្លាំងដល់ខឹង ជាហេតុនាំអោយពិបាកក្នុងការបំបៅឡើយ។

ខ)ការបំបៅកូនដោយត្រឹមត្រូវ៖
១-មាត់កូនហាធំ ថ្ពាល់កូនប៉ោង
២-ចង្ការកូនប៉ះទ្រូងម្តាយ
៣-បបូរមាត់ក្រោមពន្លាត់ចេញក្រៅ
៤-សណ្តង់ដោះខាងលើឃើញច្រើនជាងខាងក្រោម
៥-ដងខ្លួនកូនដាក់អោយត្រង់ ហើយផ្អៀងមកលើពោះម្តាយ

គ)ចំណុចគួរចងចាំ៖
-ការដាក់កូនបៅកាន់តែច្រើនដង ទឹកដោះនឹងកាន់តែឆាប់ចេញ
– សូមលោកអ្នកកុំបារម្ភចំពោះការថយទំងន់របស់កូននៅ៣ថ្ងៃដំបូង នេះមិនមែនមកពីការបៅមិនគ្រប់គ្រាន់នោះទេ យើងគួរទុកពេលឲ្យពួកគាត់សំរបខ្លួននឹងពិភពលោកដែលគាត់ទើបនឹងបានស្គាល់ នោះទំងន់គាត់នឹងឡើងមកវិញនៅថ្ងៃទី៤ ឬទី៥ 
– ស្ត្រីគួរគប្បីដាក់កូនបៅអោយអស់ដោះ១ចំហៀង ចាំដាក់អោយបៅមួយចំហៀងទៀត
– ក្រោយពេលបំបៅកូនហើយ គួរសាកល្បងធ្វើឲ្យកូនភើដោយអង្អែលថ្នមៗលើខ្នងគាត់ ឬឲ្យគាត់អង្គុយលើជង្គង់ដោយដៃកាន់ចង្ការកូន ហើយដៃ១ចំហៀងទៀតអង្អែលខ្នងកូន។

ឃ)ទំហំក្រពះកូន៖
– ថ្ងៃទី១ក្រោយកើត ក្រពះកូនមានទំហំប្រហែលជា ៥-៧មល ឯម្តាយអាចបង្កើតទឹកដោះដំបូងបានប្រហែលពី ១០-១០០មល
– ថ្ងៃទី២ ក្រពះកូនមានទំហំប្រហែលជា ១០-១៣មល ឯទឹកដោះដំបូងបានប្រហែល ១០-១០០មល
– ថ្ងៃទី៣ ក្រពះកូនមានទំហំប្រហែល ២២-២៧មល ឯទឹកដោះម្តាយមានប្រហែល២០០មល
– ថ្ងៃទី៤ ក្រពះកូនមានទំហំប្រហែល ៣៦-៤៦មល ឯទឹកដោះម្តាយមានប្រហែល៤០០មល
– ថ្ងៃទី៥ ក្រពះកូនមានទំហំប្រហែល ៤៧-៥៧មល ឯទឹកដោះម្តាយមានប្រហែល៦០០មល

ទឹកដោះម្តាយមានអត្ថប្រយោជន៍ដ៏វិសេសវិសាលដែលមិនអាចកាត់ថ្លៃបានសម្រាប់សុខភាព និងការលូតលាស់របស់ទារក។ ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត សូមឲ្យមាតាគ្រប់រូបគប្បីបំបៅដោះកូនដោយទឹកដោះម្តាយបន្ទាប់ពីសម្រាលបុត្រធីតារបស់អ្នក។

អត្ថបទមន្ទីរពេទ្យកាល់មែត្រ